ប្រវត្តិស្រុកកំពប់តែអុង​ (ខេត្ត​លង់ហោរ​) | bnc

១-​ ប្រវត្តិស្រុកកំពប់តែអុង​ (ខេត្ត​លង់ហោរ​)

ស្រុក​កំពប់​តែ​អុង​ គឺ​ជា​ខេត្ត​ប្រវត្តិ​សាស្ត្រ​ជូរចត់​បំផុត​ ដែល​យួន​បាន​យក​ខ្មែរ​ទៅ​កប់​ទាំង​រស់​ត្រឹម​ក​ មាន​រាង​ជា​មុំ​ច​ង្ក្រាន​ ដោយលើក​យក​ខ្ទះ​មក​ដាក់​ពី​លើ​ក្បាល​ខ្មែរ​ រួច​បង្កាត់​ភ្លើង​ឡើង​ដាក់​អុស​ដុត​យ៉ាង​សន្ធោសន្ធៅ​ ដើម្បី​ដាំ​ទឹក​ឲ្យ​អុង​យួន​ផឹក​ ។ 

អុង​យួន​វា​លើក​ឡើង​ថា​ បើ​ហ៊ាន​តែ​រង្គើរ​កំពប់​ទឹក​តែ​ដែល​កំពុង​ដាំ​ នឹង​កាត់​ក្បាល​ចោល​ ។ 

ស្រុក​នេះ​ជាប់​ទាក់ទង​នឹងរឿង​កំពប់​តែ​អុង​ ឬ​កំពង់​តែ​អុង​ ។ 

🌴កំពង់​តែ​អុង​

កំពង់​តែ​អុង​ ជាតំបន់​កំពង់​ទឹក​ដែល​អុង​យួន​ បញ្ជា​បាវ​បម្រើ​និង​បរិវារ​ឲ្យ​ទៅ​ដង​ទឹក​នៅ​ឯ​កំពង់​នោះ​យក​មក​ដាំ​តែ​ឲ្យ​ខ្លួន​ផឹក​ ។ 

ន័យ​ម៉្យាង​ទៀត​គឺ​

-កំពង់​ ជា​ទី​កន្លែង​ចុះ​ងូតទឹក​ ដង​ទឹក​ ឆ្លង​ទឹក​...។ 

-តែ​អុង​ ជា​តែ​របស់​អុង​យួន​ដែល​វា​បញ្ជា​ឲ្យ​ដាំ​ពី​លើ​ក្បាល​ខ្មែរ​ ។ 

នៅ​ក្នុង​រជ្ជកាល​ព្រះ​ចៅ​អធិរាជ​វៀតណាម​ ម៉ិញ​ ម៉ាង​ (១៨២០-១៨៤១)​ 

ការ​ត្រួត​ត្រា​របស់​វៀតណាម​មាន​សភាព​កាច​សាហាវ​និង​ឃោរឃៅ​ជា​ទី​បំផុត​ ។ 

ចាប់​សម័យ​នោះ​មក​ ជនជាតិ​ខ្មែរ​តែងតែ​និយាយ​រំលឹក​រឿង​ "កំពប់​តែ​អុង​"​ ជាប់​ជា​ប្រចាំ​រហូត​មក​ដល់​សព្វថ្ងៃ​ ។ 

នៅ​សម័យ​នោះ​ពួក​ទាហាន​ព្រះ​ចៅ​អធិរាជ​វៀតណាម​ កប់​ខ្មែរ​ដែល​ប្រឆាំង​នឹង​ពួកគេ​ទាំង​រស់​ ដោយ​ទុក​តែ​ក្បាល​ឲ្យ​ផុត​ពី​ដី​ធ្វើ​ជា​មុំ​ចង្ក្រាន​ដាំ​តែ​ ។ 

នៅ​ពេល​ដែល​អ្នក​ជាប់​ទោស​ ខំ​រើ​បម្រាស់​ដោយ​ក្ដៅ​ឈឺ​ផ្សា​ខ្លាំង​ដោយសារ​ដុត​ទាំង​រស់​ពួក​វៀតណាម​ស្រែក​គម្រាម​ថា​ ប្រយ័ត្ន​កំពប់​តែ​អុង​ ។ 

ពាក្យ​តែ​អុង​នេះ​នៅ​ក្នុង​ភាសា​វៀតណាម​មាន​ន័យ​ថា​ តែ​លោក​ធំ​ ។ 

ទោះ​ជា​ជន​ជាតិ​ខ្មែរ​មាន​ឋានៈ​ វណ្ណៈ​ណា​ ចាស់​ឬ​ក្មេង​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ​ គេ​និយាយ​រឿង​នេះ​គ្រប់​ៗគ្នា​ ដែល​ជា​អនុស្សាវរីយ៍​ដ៏​ជូរចត់​ និង​ខ្លោចផ្សា​ជា​ទី​បំផុត​ ។ 

ព្រះ​ចៅ​ម៉ិញ​ ម៉ាង​ បញ្ជា​ឲ្យ​ដូរ​ឈ្មោះ​ខេត្ត​ខ្មែរ​ទាំង​ឡាយ​ដាក់​ទៅ​ឈ្មោះ​វៀតណាម​វិញ​ ហើយ​នៅ​ក្នុង​ខេត្ត​ទាំង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់​ៗនៅ​ត្រួត​ត្រា​មើល​លើ​អភិបាល​ខេត្ត​ខ្មែរ​នីមួយៗ​ ។ 

វៀតណាម​បង្ខំ​ឲ្យ​រដ្ឋបាល​ខ្មែរ​យក​ភាសា​វៀតណាម​មក​ប្រើ​ ។  ពួក​ឧត្ដមសេនីយ៍​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ព្រះ​សង្ឃ​ខ្មែរ​ ព្រោះ​គេ​សង្ស័យ​ថា​ ព្រះ​សង្ឃ​ទាំង​នោះ​មាន​គំនិត​ជាតិ​និយម​ ។ ពួកគេ​វាយ​បំផ្លាញ​ព្រះ​ពុទ្ធ​បដិមា​ និង​ចេតិយ​ទាំង​ឡាយ​ចោល​ ។ 

គ្រា​នោះ​ឧត្ដមសេនីយ៍​វៀតណាម​ឈ្មោះ​ ទ្រឿង​ ម៉ិញ​យ៉ាង​ ដឹកនាំ​និង​ត្រួត​ត្រា​លើ​ប្រទេស​ខ្មែរ​ ។ 

ការ​ផ្លាស់ប្ដូរ​គ្នា​គ្រប់​គ្រង​ ម្ដង​ពី​សៀម​ និង​ម្ដង​ពី​វៀតណាម​មាន​រយៈពេល​ជា​ច្រើន​សតវត្ស​រ៍​ ។ ដោយសារ​តែ​មាន​ហេតុការណ៍​ខ្លះ​សៀម​ជាប់​ដៃ​ធ្វើ​សង្គ្រាម​យូរ​អង្វែង​ជា​មួយ​ភូមា​ ហើយ​វៀតណាម​មាន​ការ​រំខាន​ខ្លះៗ​ ពី​អ្នក​បះបោរ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ទើប​រារាំង​ប្រទេស​ខ្លាំង​ទាំង​ពីរ​នេះ​ មិន​អាច​លេប​ត្របាក់​យក​ប្រទេស​ខ្មែរ​ទាំង​មូល​បាន​ ។

២-​ ព្រះ​អង្គ​អេង​ (១៧៧៩-១៧៩៦)

នៅ​ពេល​ដែល​ព្រះ​អង្គ​អេង​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​ ១៧៧៩​ ប្រទេស​ខ្មែរ​បាន​ក្លាយ​ជា​អាណាចក្រ​រណប​គេ​ គឺ​រណប​ទាំង​ប្រទេស​សៀម​និង​ប្រទេស​វៀតណាម​ក្នុង​ពេល​តែ​មួយ​ ។ 

ស្ដេច​អង្គ​អេង​ត្រូវ​បាន​រៀប​រាជា​ភិសេក​នៅ​ទីក្រុង​បាងកក​ដែល​ជា​រាជធានី​ថ្មី​របស់​សៀម​ ដែល​ពេល​នោះ​ត្រូវ​បាន​កង​ទ័ព​សៀម​លើក​បន្តុប​ឲ្យ​គ្រង​រាជ្យ​ ។ 

ព្រះ​អង្គ​អេង​ឡើង​គ្រង​រាជ្យ​នៅ​ព្រះ​ជន្ម​៧ព្រះវស្សា​ គឺ​មាន​វ័យ​ក្មេង​ខ្ចី​បំផុត​ ដែល​មិន​មាន​បទពិសោធន៍​ ហើយ​មិន​ដឹង​កិច្ចការ​រាក់​ជ្រៅ​ក្នុង​ការ​គ្រប់គ្រង​ព្រះ​នគរ​ឡើយ​ ។ 

ព្រះ​អង្គ​អេង​អភិសេក​ឡើង​សោយរាជ្យ​ពេញ​លក្ខណៈ​ក្នុង​ព្រះជន្ម​២២ព្រះវស្សា​ ។ 

នៅ​ពេល​ព្រះ​អង្គ​អេង​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៧៩៦​ បុត្រា​របស់​ព្រះ​អង្គ​នៅ​ក្មេងៗ​ពេក​ មិន​អាច​សោយរាជ្យ​បន្ត​បាន​ ។ 

មន្ត្រី​ខ្មែរ​ គឺ​ចៅ​ហ្វា​ ប៉ុក​ ដែល​ស្និទ្ធ​ជាមួយ​សៀម​ បាន​ទទួល​មើល​ខុស​ត្រូវ​កិច្ចការ​រដ្ឋ​ពី​ឆ្នាំ​ ១៧៩៦​-១៨០៥​ ។ 

នៅក្នុង​រជ្ជកាល​ស្ដេច​អង្គ​អេង​ ទឹក​ដី​បាត់ដំបង​ មហា​នគរ​ ធ្លាក់​ទៅ​ក្នុង​អំណាច​សៀម​នៅ​ឆ្នាំ​១៧៩៥​ បណ្ដាល​មក​ពី​មន្ត្រី​ខ្មែរ​ដែល​ស្និទ្ធ​នឹង​សៀម​ចង់​បំពេញ​ចិត្ត​ចៅហ្វាយ​សៀម​ បាន​ញុះញង់​ស្ដេច​សៀម​ឲ្យ​ទារ​សគុណ​ក្នុង​ការ​ចិញ្ចឹម​ព្រះ​អង្គ​អេង​ ។ 

៣-​ ស្ដេច​អង្គ​ច័ន្ទ​ទី​២​ (? ? ? ? -? ? ? ? )

៥០​ឆ្នាំ​ក្រោយ​មក​ ស្ដេច​អង្គ​ច័ន្ទ​ទី​២​ បាន​ស្នើសុំ​ឲ្យ​វៀតណាម​ជួយ​បង្ក្រាប​កម្លាំង​បះបោរ​ ដែល​បង្ក​ឡើង​ដោយ​បង​ប្អូន​ប្រុស​ទាំង​ពីរ​របស់​ព្រះ​អង្គ​ បាន​រៀប​ផែនការ​ដណ្តើម​រាជ្យ​បល្ល័ង្ក​ ។ 

នៅ​ពេល​ដែល​អង្គ​ច័ន្ទ​សោយ​ទីវង្គត​ដោយ​អាថ៌កំបាំង​ ពួក​វៀតណាម​បាន​លើក​បន្តុប​មហា​ក្សត្រ​មួយ​អង្គ​ដែល​គ្មាន​អំណាច​ឱ្យ​ឡើង​សោយរាជ្យ​ ហើយ​បាន​ត្រួតត្រា​ប្រទេស​ខ្មែរ​ ។ 

នៅ​រជ្ជកាល​ព្រះ​អង្គ​ច័ន្ទ​ទី​២​ ខ្មែរ​ត្រូវ​លើក​សួយសារអាករ​ទៅ​ថ្វាយ​ស្ដេច​សៀម​ផង​ និង​វៀតណាម​ផង​ ។ 

សួយសារអាករ​ដែល​បញ្ជូន​ទៅ​វៀតណាម​រួម​មាន​ ដំរី​ឈ្មោល​កម្ពស់​៥ហត្ថ​ កុយ​រមាស​ពីរ​ ភ្លុក​ដំរី​បី​គូ​ ក្រវាញ​ ក្រមួន​ម្រ័ក្សណ៍​ ។ 

ក្នុង​រជ្ជកាល​នេះ​ដែរ​ វៀតណាម​បាន​កេណ្ឌ​ខ្មែរ​ឱ្យ​ជីក​ព្រែក​វិញ​តេ​ ៥៣​គីឡូម៉ែត្រ​ និង​ព្រែក​វិញ​អាន​ ប្រវែង​១៤​គីឡូម៉ែត្រ​ នៅ​កម្ពុជា​ក្រោម​ ។ 

៤-​ ព្រះ​បាទ​អង្គ​ឌួង​ (១៨៤០-​១៨៥៩)

នៅ​ឆ្នាំ​១៩៤៩​ ប្រជាជន​ខ្មែរ​បះបោរ​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​ និង​មន្ត្រី​វៀតណាម​ ដែល​ប្រមាថ​មើល​ងាយ​ខ្មែរ​ហួសហេតុ​ពេក​ ។ 

ប្រទេស​សៀម​បញ្ជូន​កង​ទ័ព​មក​ជួយ​ខ្មែរ​ តែ​គ្មាន​កង​ទ័ព​ណា​ទទួល​ជ័យជម្នះ​ពិត​ប្រាកដ​នោះ​ទេ​ ។ 

ដូច្នេះ​ នៅ​ពេល​នោះ​ ព្រះ​ចៅ​ប្រទេស​សៀម​ និង​ព្រះ​ចៅ​ប្រទេស​វៀតណាម​មូល​មតិ​គ្នា​រាជា​ភិសេក​ព្រះ​បាទ​អង្គ​ឌួង​ធ្វើ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​ ។ 

តាម​កិច្ច​ព្រមព្រៀង​រវាង​សៀម​និង​វៀតណាម​នោះ​ ប្រទេស​ទាំង​ពីរ​ត្រួតត្រា​លើ​ប្រទេស​ខ្មែរ​ និង​បញ្ជាក់​ថា​ទឹក​ដី​ដែល​ប្រទេស​ទាំង​ពីរ​លេប​យក​បាន​ក្នុង​រវាង​៥០ឆ្នាំ​មុន​ ជាកម្ម​សិទ្ធិ​របស់​ពួកគេ​រៀងៗ​ខ្លួន​ ។ 

នៅ​ឆ្នាំ​១៨៤៨​ ព្រះ​បាទ​អង្គ​ឌួង​បាន​វិល​ត្រឡប់​មក​ពី​និរទេស​នៅ​ក្នុង​បាងកក​ ដោយ​មាន​ការ​ជួយ​ពី​កង​ទ័ព​សៀម​ បាន​រឹបអូស​យក​រាជ្យ​បល្ល័ង្ក​ ហើយ​បាន​ស្ដារ​ភាព​មិន​សុខ​ស្រួល​របស់​កម្ពុជា​ឡើង​វិញ​ ដោយ​ត្រូវ​ផ្ដល់​ភក្ដី​ភាព​ចំពោះ​ប្រទេស​ជិត​ខាង​ដ៏​ខ្លាំង​ទាំង​ពីរ​របស់​ខ្លួន​បន្ត​ទៀត​ ។ 

សៀម​បានផ្ញើ​លិខិត​សុំ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ខេត្ត​ម្លូ​រ​ព្រៃ​ និង​ទន្លេ​ពៅជា​របស់​សៀម​ ។ ព្រះ​អង្គ​ឌួង​ទ្រង់​បាន​ចេញ​ព្រះ​លិខិត​តប​វិញ​ថា​ "ខ្ញុំ​មិន​ឱ្យ​អ្វី​ទាំង​អស់​ទៅ​ប្រទេស​សៀម​ឡើយ​ តែ​ដោយសារ​ពេល​នោះ​សៀម​មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​ សៀម​អាច​បន្ត​កាន់​កាប់​ជា​បណ្ដោះ​អាសន្ន​នូវ​អ្វី​ៗ​ដែល​ខ្លួន​បាន​រឹបអូស​យក​ពី​កម្ពុជា​"​ ។ 

គួរ​គប្បី​ថា​ នៅ​ពេល​ឡើង​សោយរាជ្យ​ ព្រះ​អង្គ​ឌួង​ ទ្រង់​តូច​ព្រះ​ទ័យ​ខ្លាំង​ណាស់​ ចំពោះ​ការ​បាត់បង់​ទឹកដី​ជា​ច្រើន​ ដែល​ត្រូវ​វៀតណាម​ និង​សៀម​យក​ដោយ​ខុស​ច្បាប់​ ។ 

នៅ​ឆ្នាំ​១៨៥៤​ ដោយ​អត់​ទ្រាំ​ពុំបាន​នឹង​អំពើ​រំលោភ​ទន្ទ្រាន​យក​ទឹកដី​ពី​សំណាក់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា​ក្រោម​ ព្រះ​អង្គ​ឌួង​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ថា​ ត្រូវ​តែ​សុំ​ជំនួយ​ និង​ការ​ការពារ​ពី​មហា​អំណាច​អឺរ៉ុប​ណា​មួយ​ ។ 

ព្រះ​អង្គ​ក៏​បាន​បញ្ជូន​សារ​លិខិត​ជា​សម្ងាត់​ទៅ​ថ្វាយ​ព្រះ​ចៅ​ ណាប៉ូឡេអុង​ទី៣​ នៃ​ប្រទេស​បារាំង​ឱ្យ​ជួយ​ប្រទេស​ព្រះ​អង្គ​ ដោយ​នាំ​យក​សួយសារអាករ​ទៅ​ជា​មួយ​ផង​ គឺ​មាន​កុយ​រមាស​៤​ ជ័រ​រង្គ​៣០០គីឡូក្រាម​ ស្ករ​អំពៅ​៣០០គីឡូក្រាម​ និង​ម្រេច​៣០០គីឡូក្រាម​ ។ តែ​កិច្ចការ​នេះ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ​ ដោយសារ​ប្រទេស​បារាំង​ពុំ​មាន​ឆ្លើយ​តប​អ្វី​សោះ​ឡើយ​ ៕



#ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​លោក​ នួន​ សុធិមន្ត​ ។ 

រូបភាព​ :​google 

វាយ​អត្ថបទ​ :​ មាតុភូមិ​ កម្ពុជា​ក្រោម

————————

ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/

————————

Telegram: https://t.me/bnccambo

Post a Comment

Previous Post Next Post