💡ច្បាប់ល្បើកថ្មី [ ផ្ដាំស្រីៗកុំយកប្ដី ១,២,៣,៤ ] អ្នកប្រាជ្ញភិរម្យ ក្រម ង៉ុយ។
កូនចៅស្រីៗ បើនឹងយកប្ដី កុំយកពោះម៉ាយ
ស៊ូនៅម្នាក់ឯង បន្លែងនឹងម្ដាយ អាណិតរូបកាយ
ស្ដាយខ្លួនក្រមុំ។
ហៅប្រុសអភ័ព្វ ប្រពន្ធដើមស្លាប់ មានកូនតូចធំ
យកឯងជាចុង បម្រុងតែយំ ច្រើនឈ្លោះជំនុំ
ព្រួយចិត្ដម៉ែឪ។
ហៅប្រុសចិត្ដពីរ ពិបាករកស៊ី រញាំរញ៉ូវ
ឯងនឿយស្ទើរស្លាប់ ផ្គាប់ចិត្ដមិនត្រូវ បីបួនរដូវ
ខ្លួនឯងស្លាប់ទៀត។
ចង្រៃខាងប្រុស កូនអើយចាំចុះ កុំយកខ្លួនបៀត
ស្រីណាខំយក ស្រីនោះបង់ម្សៀត ប្រុសព្រួយខ្ចប់ធាតុ
ខ្ចប់គ្រប់ជា ៣។
យកទៀតជា ៤ គ្រោះដល់ស្លាប់ខ្លួន មេម៉ាយខាងស្រី
ប្រាកដមិនខុស ប្រុសក្នុងលោកិយ ស៊ូនៅអត់ប្ដី
ស្លាប់រស់ខ្លួនមួយ។
បើខ្លួនកំព្រា រំពឹងមីងមារ រកស៊ីមិនព្រួយ
កាន់មារយាទល្អ មិនក្រគេជួយ បងប្អូនកូនក្មួយ
រត់ចូលឱ្យប្រើ។
ពោះម៉ាយមាន ៣ កុំយកធ្វើប្ដី មិនគាប់ប្រសើរ
ទី១ស្រីលែង ស្រីគេគ្រាន់បើ ទី២ក្លាយដើរ
អាងលែងប្រពន្ធ។
ពោះម៉ាយទាំងអស់ កុំយកឱ្យសោះ ហៅប្រុសទុរជន
ទុរ-ជាតិអប្រិយ ស្រីកើតទុក្ខធ្ងន់ ហៅមួយជំនាន់
ចំណាំមិនខុស។
កម្លោះចាស់យូរ ចាស់ទុំគេប្ដូរ ល្មមព្រមយកចុះ
រកស៊ីមានបាន សុខសាន្តឥតឈ្លោះ ចម្រើនរួមរស់
អាយុយឺនយូរ។
កុំយកប្ដីប្អូន ថោករាសីខ្លួន រកស៊ីមិនធូរ
គេហៅឯងធំ សមហៅគេពូ ច្រើនខ្ជិលមូទូ
ម៉េះម៉ោះនឹងល្បែង។
វាច្រើនមើលងាយ ហាស្ដីនិយាយ ហៅហងហៅឯង
ឃើញយើងជាស្រី ស្រដីឥតក្រែង ត្រង់គេបងឯង
ឯងមើលងាយជេរ។
ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ
មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកស៊ីធ្វើស្រែ
ច្រើនខាតគ្រាប់ស្រូវ។
គួរយកប្ដីបង ពាក្យចាស់លោកចង ទុកប្ដីស្មើឪ
ស្រីកុំប្រមាថ ប្រតិបត្តិឱ្យត្រូវ រាសីគង់នៅ
ទេព្រឹករក្សា។
ប្រពន្ធនិងប្ដី ធំស្រេចលើស្រី គត់គង់ឥរិយា
ឈ្លោះច្រើនតែខ្សត់ ស្រីអត់លក្ខណា ប្ដីខ្ជិលឧស្សាហ៍
ព្រោះឫកប្រពន្ធ។
By: ណាវ៉ាត់- satra kh
————————
ចែករំលែកព័ត៌មានថៃឈ្លានពានកម្ពុជាទៅកាន់ពិភពលោកតាមរយៈ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
