"និយាយរឿងវិជ្ជមាននាំមកនូវសំណាងល្អ និយាយរឿងល្អៗនាំមកនូវសេចក្ដីសុខ"
ក្នុងជីវិតប្រចាំថ្ងៃ ពាក្យសម្ដីដែលយើងប្រើប្រាស់មិនត្រឹមតែជាមធ្យោបាយសម្រាប់ប្រាស្រ័យទាក់ទងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "ថាមពល" ដ៏មានឥទ្ធិពលបំផុតម្យ៉ាង ដែលអាចកំណត់វាសនានៃសេចក្ដីសុខ និងភាពជោគជ័យរបស់យើងបាន។ ពាក្យសម្ដីប្រៀបដូចជាគ្រាប់ពូជដែលយើងដាំចុះក្នុងចិត្ត បើយើងដាំពាក្យល្អៗ យើងនឹងប្រមូលផលជាក្ដីសុខ ប៉ុន្តែបើយើងដាំពាក្យអវិជ្ជមាន យើងនឹងជួបតែភាពសៅហ្មង។
ការចេះប្រើប្រាស់ពាក្យសម្ដីបែបវិជ្ជមាន ចាប់ផ្ដើមចេញពីការកែប្រែវិធីគិត និងការផ្ដល់តម្លៃឱ្យខ្លួនឯង នៅពេលដែលយើងនិយាយល្អដាក់ខ្លួនឯង និងអ្នកដទៃ យើងកំពុងតែបង្កើតរលកសញ្ញានៃសំណាងល្អ និងសិរីសួស្ដីឱ្យរត់មករកយើងដោយមិនដឹងខ្លួន។
១. ពាក្យសម្ដីល្អគួរចាប់ផ្ដើមចេញពីចិត្ត
និយាយល្អដាក់ខ្លួនឯង និងនិយាយល្អដាក់អ្នកដទៃ ព្រោះពាក្យសម្ដីប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក។
២. ការត្អូញត្អែរអំពីអ្វីដែលមិនពេញចិត្ត គឺជាសត្រូវដ៏ធំបំផុតនៃក្ដីសុខ។
៣. នៅពេលមានរឿងអាក្រក់កើតឡើង ចូរព្យាយាមបកស្រាយវាដោយពាក្យសម្ដីវិជ្ជមាន ព្រោះវានឹងជួយកាត់បន្ថយភាពស្រងូតស្រងាត់ និងធ្វើឱ្យអ្នករស់នៅដោយមានក្ដីសុខជាងមុន។
៤. ប្ដូរពាក្យសម្ដីអវិជ្ជមានឱ្យទៅជាវិជ្ជមាន ដើម្បីទាក់ទាញតែរឿងល្អៗចូលមកក្នុងជីវិត។
៥. មនុស្សដែលចូលចិត្តនិយាយដើមអ្នកដទៃ អាចទទួលបានការស្រឡាញ់ពីអ្នកដទៃត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ មិនយូរប៉ុន្មាននឹងក្លាយជាមនុស្សដែលគ្មាននរណាម្នាក់ចូលចិត្តបំផុតឡើយ។
៦. ក្នុងជីវិតរបស់យើង យើងអាចទាក់ទាញទាំងរឿងល្អ និងរឿងអាក្រក់ចូលមកបាន វាអាស្រ័យទៅលើវិធីគិត និងវិធីនិយាយរបស់យើង។
៧. ប្រសិនបើអ្នកមិនទាន់អាចទទួលយកខ្លួនឯងបានទេ ចូរសាកល្បងនិយាយពាក្យថា "ខ្ញុំស្រឡាញ់ខ្លួនឯងណាស់" ប្រើពាក្យបែបនេះជាមួយខ្លួនឯងរៀងរាល់ថ្ងៃ ថាមពលវិជ្ជមានក្នុងចិត្តនឹងកើនឡើង ហើយធ្វើឱ្យអ្នកមានអារម្មណ៍ស្រឡាញ់ខ្លួនឯងនៅទីបំផុត។
៨. កុំធ្វើពុតជាមើលទៅល្អ ដើម្បីតែបិទបាំងភាពទន់ខ្សោយរបស់ខ្លួនឯង។
៩. នៅពេលមានកំហុសឆ្គងកើតឡើង ចូរឈប់ស្ដីបន្ទោសខ្លួនឯង ហើយប្ដូរមកប្រើពាក្យសម្ដីវិជ្ជមានជំនួសវិញ ដើម្បីផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងចាប់ផ្ដើមជាថ្មីម្ដងទៀត។
១០. ពាក្យសម្ដីរបស់យើងតែងតែមានឥទ្ធិពលលើចិត្តអ្នកដទៃ
ពាក្យសម្ដីដែលយើងគិតថាតិចតួច អាចផ្លាស់ប្ដូរថ្ងៃទាំងមូលរបស់នរណាម្នាក់បាន សាកល្បងនិយាយល្អៗដាក់គ្នា ជីវិតនឹងមានតែភាពកក់ក្ដៅ។
១១. ចំពោះការនិយាយរំសាយទុក្ខកង្វល់ក្នុងចិត្ត ចូរបើកចិត្តនិយាយតែជាមួយមនុស្សដែលជិតស្និទ្ធបំផុតប៉ុណ្ណោះ ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែយើងអាចទុកចិត្តបាននោះទេ។
១២. និយាយអំពីរឿងក្ដីស្រមៃ ឬក្ដីសង្ឃឹមដែលចង់ធ្វើក្នុងពេលអនាគតជាមួយអ្នកដទៃ ដើម្បីពង្រីកថាមពលវិជ្ជមានរបស់យើងឱ្យកាន់តែទូលំទូលាយ។
១៣. នៅពេលអ្នកដទៃពឹងពាក់អ្វីមួយ ចូរប្រើពាក្យសម្ដីទន់ភ្លន់នៅពេលចង់បដិសេធថា "ទេ" ហើយពន្យល់ពីហេតុផលឱ្យភាគីម្ខាងទៀតយល់។
១៤. ការសុំទោសចេញពីចិត្តពិតប្រាកដ នឹងជួយកែប្រែស្ថានការណ៍ដែលអាក្រក់ឱ្យត្រឡប់មកល្អវិញបាន។
១៥. រាល់ពេលដែលបរាជ័យ ចូរនាំយកអំណាចនៃពាក្យសម្ដីមកប្រើ ហើយចងចាំជានិច្ចថា រាល់កំហុសឆ្គងគឺជាបទពិសោធន៍ដ៏ល្អដែលជួយឱ្យយើងអភិវឌ្ឍខ្លួនឯង។
១៦. មនុស្សដែលមានពាក្យសម្ដីវិជ្ជមានក្នុងចិត្តច្រើន នឹងអាចមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ហើយថែមទាំងទាក់ទាញសំណាងល្អ ឬឱកាសដែលធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត។
————————
article by សុវត្ថន៍-Sovathn
————————
ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
