- យុវវ័យ ជាវ័យត្រូវសកម្ម ត្រូវលំបាក មិនមែនជាវ័យត្រូវស្រណុកសុខស្រួលនោះទេ។
- យុវវ័យ ជាវ័យត្រូវរៀនសូត្រ មិនមែនជាវ័យត្រូវស្ងប់ចិត្ត ត្រជាក់បេះដូងជាមួយភាពល្ងង់ខ្លៅនិងអវិជ្ជានោះទេ។
- យុវវ័យ ជាវ័យត្រូវកសាងខ្លួនឯង មិនមែនជាវ័យត្រូវបំផ្លាញខ្លួនឯងនោះទេ។
ចូរបំភ្លេចឃ្លាថា «សប្បាយទាន់ខ្លួននៅក្មេង»
យុវវ័យជាច្រើនបានចំណាយពេលវេលាដ៏មានតម្លៃ ដែលពោរពេញដោយសក្ដានុពល និងកាលានុវត្តភាព (ឱកាស) ដើម្បីធ្វើរឿងឥតប្រយោជន៍ទៅវិញ។ ការបណ្តោយខ្លួនទៅក្នុងភាពសប្បាយរីករាយជ្រុលហួសហេតុ រឿងអបាយមុខ សម្ភារនិយម វង្វេងតាមសង្គមមិនល្អ រឿងឥតបានការជាច្រើន បានធ្វើឱ្យពួកគេភ្លេចខ្លួននៅលើផ្លូវខុស ដែលចុងក្រោយនាំពួកគេទៅសេចក្ដីលំបាក។
សំណួរ
តើអង្គភាពមួយត្រូវជ្រើសរើសមនុស្សឥតបានការមកធ្វើការឱ្យគេមែនឬ?
តើមាននារីណាម្នាក់ដែលសុខចិត្តប្រគល់អនាគតឱ្យបុរសដែលឥតបានការម្នាក់នោះ?
តើគ្រួសារណាមួយដែលអាចរុងរឿងដោយសារសមាជិកដែលឥតបានការទៅ?
តើសង្គមជាតិណាមួយ ដែលរឹងមាំដោយមានប្រជាជនដែលឥតបានការនោះ?
តើផ្ទះណាមួយដែលរឹងមាំដោយសារឈើពុកនោះ?
តើមានអ្នកណាដែលយកមនុស្សឥតបានការ ទៅធ្វើកិច្ចការធំដុំនោះ?
យុវវ័យ ជាវ័យដែលពោរពេញដោយឱកាស!
- អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សារៀនសូត្រ។
- អ្នកមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការជាច្រើន ដោយមិនប្រឈមនឹងបញ្ហាសុខភាព។
- អ្នកអាចមានការផ្គត់ផ្គង់លុយគ្រប់គ្រាន់ពីគ្រួសារ ដើម្បីការរៀនសូត្រ និងអភិវឌ្ឍខ្លួនឯង។ ប៉ុន្តែហេតុអ្វីបានជាអ្នកមិនចេះប្រើប្រាស់ឱកាសដ៏ល្អមួយនេះ?
កុំភ្លេចណា! ពេលវេលាមានកំណត់ ហើយគ្រប់គ្នាសុទ្ធតែមានឱកាស និងសក្តានុពលទាំងនេះ ចូរប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព និងមានតម្លៃបំផុត។
យុវវ័យ គឺជាវ័យដ៏អស្ចារ្យ វ័យនៃថាមពល វ័យនៃការប្រឹងប្រែង វ័យនៃក្តីសង្ឃឹម...
ចូរប្រើប្រាស់វា ដើម្បីប្រយោជន៍របស់ខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើង។
————————
ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
