"ម៉ែចាស់ ឪពុកជរា"
ទឹកភ្នែក និងការលះបង់ដែលកូនមិនដែលដឹង
នៅពេលដែលយើងនៅក្មេង យើងមើលទៅឪពុកម្ដាយជាវីរបុរស ជាម្លប់ដ៏ត្រជាក់ និងជាអ្នកដែលខ្លាំងពូកែបំផុតក្នុងលោក ប៉ុន្តែ ពេលវេលាគឺជាចោរដ៏ស្ងៀមស្ងាត់ដែលលួចយកកម្លាំងកំហែង និងសម្រស់របស់លោកទាំងពីរទៅបន្តិចម្ដងៗ ថ្ងៃនេះ សក់ដែលធ្លាប់ខ្មៅរលោង ប្រែជាពណ៌ស្កូវដូចសំឡី ភ្នែកដែលធ្លាប់ភ្លឺច្បាស់ ប្រែជាស្រអាប់មើលមិនចង់ឃើញ ហើយដៃជើងដែលធ្លាប់បីបមថ្នមបំពេ ក៏ប្រែជាញាប់ញ័រដោយសារជរាព្យាធិ។
១. ស្នាមជ្រួញលើផ្ទៃមុខ គឺជាសញ្ញាបត្រនៃការលះបង់
រាល់ស្នាមជ្រួញលើផ្ទៃមុខរបស់ម៉ែ និងសរសៃសរសូងលើខ្នងរបស់ពុក គឺជាសក្ខីភាពនៃភាពលំបាកវេទនាដែលលោកបានឆ្លងកាត់ដើម្បីកូន តើមានកូនប៉ុន្មាននាក់ដែលធ្លាប់សួរថា «ម៉ែហត់ទេ? ពុកឃ្លានទេ?» នៅពេលដែលលោកខំធ្វើការហាលខ្យល់ ហាលភ្លៀង ហាលថ្ងៃ ដើម្បីរកប្រាក់មកបង់ថ្លៃសាលា និងទិញអាហារឆ្ងាញ់ៗឲ្យកូន? លោកសុខចិត្តស្លៀកខោអាវចាស់រហែក សុខចិត្តហូបបាយជាមួយអំបិល ដើម្បីទុកចំណែកល្អបំផុតសម្រាប់កូន។
២. ពេលកូនមានស្លាបហើរ ម៉ែពុកក៏ចាប់ផ្ដើមនៅម្នាក់ឯង
នៅពេលកូនៗធំដឹងក្ដី មានការងារធ្វើ មានគ្រួសារផ្ទាល់ខ្លួន យើងច្រើនតែមមាញឹកនឹងជីវិតថ្មី រហូតភ្លេចថាមានមនុស្សពីរនាក់កំពុងអង្គុយចាំមើលផ្លូវកូននៅឯផ្ទះជរា។ ខលមកទូរស័ព្ទមួយខ្សែក្នុងមួយសប្តាហ៍ ឬការទៅសួរសុខទុក្ខម្ដងម្កាល គឺជាឱសថទិព្វបំផុតដែលជួយបន្តសង្ខារលោកទាំងពីររបស់គាត់។ កូនៗមមាញឹកនឹងការងារ ប៉ុន្តែម៉ែពុកមមាញឹកនឹងការ «នឹកកូន» លោកមិនត្រូវការមាសប្រាក់សន្លឹកសន្ធាប់ ច្រើនជាងវត្តមានរបស់កូននោះទេ។
៣. កុំចាំដល់ពេល "សំពះខ្មោច"
មនុស្សជាច្រើនច្រើនតែងដឹងខ្លួននៅពេលដែលហួសពេល យើងយំសោកបោកខ្លួន រៀបចំម្ហូបអាហារយ៉ាងប្រណីតដាក់មុខក្ដារមឈូស រៀបចំបុណ្យទានយ៉ាងធំដុំដើម្បីបង្ហាញអ្នកដទៃ ថាខ្លួនកតញ្ញូណាស់។ ប៉ុន្តែ... តើម៉ែដែលដេកលក់ក្នុងមឈូសនោះ អាចហិតក្លិនម្ហូបឆ្ងាញ់បានទេ? តើពុកដែលលាចាកលោកទៅ អាចឮសម្តីសុំទោសរបស់កូនបានទេ?
ទេ! អ្វីៗគ្រប់យ៉ាងដែលធ្វើក្រោយពេលលោកស្លាប់ គឺគ្រាន់តែជាការលួងចិត្តខ្លួនឯងប៉ុណ្ណោះ បើស្រឡាញ់លោក បើចង់តបស្នងគុណលោក ត្រូវធ្វើនៅពេលដែលលោកនៅមានដង្ហើម។
៤. បេះដូងចុងក្រោយ
- ដង្ហើមដែលនៅសេសសល់ : ដង្ហើមរបស់ម៉ែពុកនៅពេលនេះ ប្រៀបដូចជាទៀនដែលជិតអស់ប្រេង អាចនឹងរលត់ទៅតាមខ្យល់គ្រប់វិនាទី ដោយមិនផ្ដល់ដំណឹងទុកជាមុនដល់កូនឡើយ។
- ភាពឯកោក្នុងផ្ទះចាស់ : ផ្ទះដែលធ្លាប់មានសំណើចកូនៗកាលពីក្មេង ឥឡូវប្រែជាស្ងាត់ជ្រងំ លោកអង្គុយមើលតែរូបថតកូនក្នុងស៊ុមចាស់ៗ រួចជូតទឹកភ្នែកដោយស្ងាត់ស្ងៀមម្នាក់ឯង។
- ការរង់ចាំដែលគ្មានទីបញ្ចប់ : រាល់ពេលឮសំឡេងម៉ូតូ ឬឡានជិះកាត់មុខផ្ទះ លោកតែងតែងាកមើលទាំងក្តីសង្ឃឹមថា ជាកូនដែលត្រឡប់មកវិញ តែចុងក្រោយសល់ត្រឹមតែភាពខកបំណង។
- សេចក្ដីស្រឡាញ់ឥតលក្ខខណ្ឌ : កូនអាចធ្លាប់ខឹង ធ្លាប់ស្ដីបន្ទោស ឬបោះបង់លោកចោល តែសម្រាប់ម៉ែពុក មិនថាមានរឿងអ្វីកើតឡើង ក៏បេះដូងលោកនៅតែមានតែពាក្យ "អភ័យទោស" សម្រាប់កូនជានិច្ច។
- វិប្បដិសារីដែលគ្មានថ្នាំព្យាបាល : គ្មានការឈឺចាប់ណាធំជាងការដែលចង់ឱបអ្នកមានគុណ តែសល់ត្រឹមតែផេះផង់ ឬរូបថតដែលលែងមានវិញ្ញាណឆ្លើយតបមកវិញនោះទេ។
- ក្តីប្រាថ្នាចុងក្រោយ : អ្វីដែលលោកចង់បានមុននឹងបិទភ្នែកលាចាកលោកនេះ មិនមែនជាកម្រងផ្កាដ៏ស្រស់ស្អាតលើមឈូសទេ តែគឺជាការបានកាន់ដៃកូន និងឃើញកូនមានក្ដីសុខជាលើកចុងក្រោយ។
៥. សារដាស់តឿនដល់កូនៗ
- ឱបលោកឲ្យបានច្រើន : កុំខ្មាសអៀននឹងការនិយាយថា "កូនស្រឡាញ់ម៉ែពុក"
- អត់ធ្មត់នឹងលោក : កាលយើងនៅក្មេង យើងសួរដដែលៗរាប់រយដង លោកមិនដែលខឹង ឥឡូវលោកចាស់ វង្វេងវង្វាន់ និយាយច្រើន កូនកុំធុញថប់នឹងលោកអី
- ផ្តល់ពេលវេលា : លុយកាក់រកពេលណាក៏បាន តែម៉ែពុកមានតែម្នាក់គត់ បើបាត់បង់ទៅហើយ មិនអាចរកអ្វីមកជំនួសបានឡើយ។
ពាក្យថា "កូន" គឺមានន័យខ្លាំងណាស់សម្រាប់ឪពុកម្ដាយ
- កុំឲ្យភាពជោគជ័យរបស់អ្នក ក្លាយជាភាពឯកោរបស់លោក។
- កុំឲ្យភាពមមាញឹករបស់អ្នក ក្លាយជាទឹកភ្នែករបស់លោក។ កម្លាំងកាយដែលធ្លាប់មាំមួន បានរលាយបាត់ទៅតាមវ័យ ដើម្បីដោះដូរយកអនាគតដ៏ភ្លឺស្វាងមកឲ្យកូន។
- កុំចាំទាល់តែលោកលែងឮ ទើបកូនពោលពាក្យសុំទោស ឬនិយាយពាក្យស្រឡាញ់ចេញពីមាត់។ ស្នាមញញឹមរបស់ម៉ែពុកក្នុងវ័យជរា គឺជាពរជ័យដ៏មហាសាលដែលលុយរាប់លានមិនអាចទិញបានឡើយ។ រាល់ដំណក់ទឹកភ្នែកដែលស្រក់ចុះដោយសារភាពនឹកកូន គឺជាដំបៅដែលឈឺចាប់បំផុតក្នុងបេះដូងអ្នកមានគុណ។
ចូរចងចាំថា គ្មាននរណាម្នាក់ក្នុងលោកនេះ អាចស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌដូចជាលោកទាំងពីរនោះទេ។
ទ្វារផ្ទះចាស់ៗនៅតែបើកចំហរចាំទទួលកូនជានិច្ច ទោះបីជាកូនធ្លាប់ធ្វើឲ្យលោកហូរទឹកភ្នែកវេទនាយ៉ាងណាក៏ដោយ។
ទៅរកលោកចុះ មុននឹងអ្វីៗត្រូវក្លាយជាវិប្បដិសារីដែលតាមលងបន្លាចអ្នកអស់មួយជីវិត។
ម៉ែចាស់ហើយ ពុកក៏ជរាដែរ លោកកំពុងរង់ចាំអ្នក...។
article by សុវត្ថន៍-Sovathn
————————
ចែករំលែកព័ត៌មានថៃឈ្លានពានកម្ពុជាទៅកាន់ពិភពលោកតាមរយៈ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
