ផ្អែកតាមខ្លឹមសារនៃមាត្រា៨៩ថ្មីនេះ ការរំលាយកិច្ចសន្យាការងារ មាន៣ប្រភេទគឺ៖
១) ការរំលាយកិច្ចសន្យាការងារស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីការងារ
ការរំលាយកិច្ចសន្យាការងារដែលស្របតាមបញ្ញត្តិច្បាប់ និយោជកក៏ត្រូវផ្តល់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិតដែរ។ ឧ. ក្រុមហ៊ុន(ក) បានជួលបុគ្គលិក(ខ) ឲ្យធ្វើការមានកិច្ចសន្យាមិនកំណត់ថិរវេលា។ ក្រុមហ៊ុនបានព្រមានបុគ្គលិកនោះចំនួន៣ដង ផ្នែកតាមបទបញ្ជាផ្ទៃក្នុង ពីបទមកធ្វើការយឺត។ ពេលបុគ្គលិក(ខ) បានមកធ្វើការយឺតជាលើកទី៤ ក្រុមហ៊ុនក៏បានសម្រេចបញ្ឈប់បុគ្គលិក(ខ) ពីការងារ។ ក្នុងករណីនេះក្រុមហ៊ុន(ក) បានរំលាយកិច្ចសន្យាការងារជាមួយកម្មករ និយោជិតឈ្មោះ(ខ) ដោយស្របតាមបញ្ញត្តិច្បាប់ស្តីពីការងារ។ ដូច្នេះនិយោជកត្រូវតែឲ្យទៅកម្មករនិយោជិត នូវប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំចំនួន៧ថ្ងៃ។
២) ការរំលាយកិច្ចសន្យាការងារដោយកម្មករនិយោជិតមានជម្ងឺ
ច្បាប់ស្តីពីការងារ អនុញ្ញាតឲ្យនិយោជកមានសិទ្ធិបញ្ឈប់កម្មករនិយោជិត ដែលមានជម្ងឺដែរ ប៉ុន្តែច្បាប់តម្រូវឲ្យនិយោជកផ្តល់ប្រាក់បំណាច់អតីតភាពការងារដល់កម្មករនិយោជិត។ ការបញ្ឈប់ដោយមូលហេតុកម្មករនិយោជិតមានជម្ងឺនេះ និយោជកមិនត្រូវបញ្ឈប់តាមតែអំពើចិត្តនោះទេ ពោលគឺត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស។
៣) ការរំលាយកិច្ចសន្យាការងារដោយសារកម្មករនិយោជិតមានកំហុសធ្ងន់
ការរំលាយកិច្ចសន្យាការងារដោយសារ កម្មករនិយោជិតមានកំហុសធ្ងន់ គឺជាការបញ្ឈប់ការងារកម្មករនិយោជិត ដែលបំពានមាត្រា៨៣នៃច្បាប់ស្តីពីការងារ ការបំពានបទបញ្ជាផ្ទៃក្នុង និងបំពានមាត្រាផ្សេងទៀតនៃច្បាប់ស្តីពីការងារ ឬច្បាប់ស្តីពីសហជីព។ ក្នុងករណីកម្មករនិយោជិតមានកំហុសធ្ងន់ និយោជកមានសិទ្ធិបញ្ឈប់ពីការងារដោយ មិនផ្តល់នូវប្រាក់បំណាច់អតីតភាពការងារទេ។ មាត្រា៨៩ថ្មី វាក្យខ័ណ្ឌទី២ ចែងថា “ក្នុងករណីដែលការរំលាយ
កិច្ចសន្យាកាងារនេះដោយកំហុសធ្ងន់របស់កម្មករនិយោជិត ប្រាក់បំណាច់អតីតភាពការងារមិនត្រូវបានផ្តល់ឲ្យទេ”។
————————
ដកស្រង់ចេញពី៖ សៀវភៅច្បាប់ស្ដីពីការងារ
រៀបរៀងដោយ៖ ប្រធានការិយាល័យមេធាវី
————————
ចែករំលែកព័ត៌មាន និងចំណេះដឹងនៅទីនេះ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
