💡វិភាគបុរាណភាសិត ❝មានធនប្រពន្ធមិនក្រ មានដីសមិនក្រក្ដារខៀន មានរបៀនមិនក្ររបស់❞
ឃ្លាថា «មានធនប្រពន្ធមិនក្រ»
ឃ្លានេះមិនមែនសំដៅលើការរកទ្រព្យធនទៅឱ្យប្រពន្ធក្លាយជាអ្នកមាននោះទេ តែសំដៅថា បើមានទ្រព្យធន គឺមិនពិបាកក្នុងការរកមនុស្សស្រីធ្វើជាប្រពន្ធនោះឡើយ។ បែបនេះក៏មិនមែនបានន័យថា ចង់បានមនុស្សស្រីជាប្រពន្ធទាល់តែប្រើលុយនោះដែរ ប៉ុន្តែចង់បានប្រពន្ធស្របច្បាប់និងស្របប្រពៃណី គឺត្រូវតែមានទ្រព្យធនចូលស្ដីដណ្ដឹងនោះឯង។ ចំពោះមួយជ្រុងផ្សេងទៀត ទ្រព្យធនរមែងបានមកដោយកម្លាំងប្រាជ្ញា មនុស្សប្រុសដែលមានកម្លាំងប្រាជ្ញាក្នុងការរបរ សមនឹងមានសមត្ថភាពអាចធ្វើជាមេគ្រួសារបានហើយ។ សមត្ថភាពនិងទ្រព្យធន គឺឆ្លុះបង្ហាញពីទំនួលខុសត្រូវលើជីវភាពគ្រួសារ មនុស្សស្រីទាំងឡាយណាក៏ពិចារណាចំពោះមនុស្សប្រុសដែលមានសមត្ថភាពនិងទំនួលខុសត្រូវនេះដែរ។ សម្ដីនេះចំពោះមនុស្សស្រីខ្លះ អាចនឹងជំទាស់ ព្រោះពួកគាត់តែងតែប្រកាន់យកការយល់ចិត្ដនិងភាពស្មោះត្រង់ដែលមិនមែនជាទ្រព្យធនពីមនុស្សប្រុសដែលគាត់ស្រឡាញ់ តែរឿងទ្រព្យធននេះ ចំពោះមនុស្សប្រុសវិញគាត់នឹងយល់ស្រប ព្រោះមនុស្សប្រុសភាគច្រើនតែងតែបារម្ភជាងគេ នូវសមត្ថភាពនិងទ្រព្យធនផ្ទាល់ខ្លួន ដែលជាទំនួលខុសត្រូវលើជីវភាពគ្រួសារមុននឹងយកប្រពន្ធនោះឯង។
ឃ្លាថា «មានដីសមិនក្រក្ដារខៀន»
ពេលខ្លះមានដីសហើយ បែរជារកក្ដារខៀនសរសេរមិនបាន ត្រង់នេះតើយ៉ាងម៉េចវិញ? ពាក្យថា “ក្ដារខៀន” ក្នុងទីនេះសំដៅទៅទីដែលសរសេរកើត របស់អ្វីក៏ដោយឱ្យតែសរសេរនឹងដីសកើត គឺហៅថាក្ដារខៀនហើយ។ ដូច្នេះសុភាសិតឃ្លានេះ ស្ដែងពីគំនិតនិងការច្នៃប្រឌិតរបស់មនុស្ស ប្រសិនបើខ្ញុំប្រៀបធៀប “ដីស” ទៅនឹងភាពស្មោះត្រង់ ហើយប្រៀបធៀប “ក្ដារខៀន” ទៅនឹងអ្នកផងទាំងឡាយ នោះវិសាលភាពកាន់តែទូលំទូលាយទៀតហើយ។ មនុស្សខ្លះតែងតែរអ៊ូថា (ស្មោះត្រង់ហ្នឹងស៊ីកើតមែន?) អ្នកដែលរអ៊ូបែបនេះច្រើនតែជាមនុស្សមិនមានភាពស្មោះត្រង់ អ្នកដែលរអ៊ូបែបនេះមិនចេះស្មោះត្រង់ទេ តែចេះតែទាមទារឱ្យគេស្មោះត្រង់ដាក់ខ្លួន។ មួយម៉ាត់យ៉ាងខ្លី “មានដីស មិនក្រក្ដារខៀន ឬមានភាពស្មោះត្រង់ មិនក្រការប្រាស្រ័យ” មានមនុស្សល្អច្រើនណាស់ដែលគេចង់បានយើង ដែលគេចង់ជួយយើង ដែលគេចង់ជ្រើសយកយើងមកប្រាស្រ័យជាមួយ សំខាន់លើភាពស្មោះត្រង់របស់យើង ថាតើស្មោះត្រង់កម្រិតណា ហើយយូរអង្វែងប៉ុណ្ណា។
ឃ្លាថា «មានរបៀនមិនក្ររបស់»
ពាក្យថា “របៀន” គឺជាចំណេះចេះមកពីការរៀន រៀនអ្វីក៏ដោយ ឱ្យតែយកមកប្រើការបានក្នុងផ្លូវសុចរិត នោះហៅថារបៀនហើយ។ មនុស្សខ្លះគាត់មិនបានចូលសាលាហើយមិនចេះអក្សរ ប៉ុន្តែគាត់ចេះនូវការរបរផ្សេងៗយ៉ាងស្ទាត់ស្ទាញ នេះហៅថារបៀនហើយ គឺចំណេះសព្វរបៀន។ សុភាសិតឃ្លានេះអត្ថន័យមិនវែងឆ្ងាយទេ គឺយ៉ាងខ្លីថា របស់ទ្រព្យអ្វីៗបានមកពីចំណេះរបៀន។ មនុស្សខ្លះតូចចិត្តនឹងខ្លួនឯងថាមិនបានរៀនសូត្រចេះអក្សរដូចគេ មិនមានការងារល្អធ្វើទេ មុខតែក្រ ចូរកុំគិតដូច្នេះ ចេះអ្វីចេះឱ្យប្រាកដ មិនថាចិញ្ចឹមជ្រូក គោមាន់ទា ដំណាំនាៗតាមទីកៀនកោះ ឬជំនាញរបៀនការទាំងអស់ មិនខ្វះរបស់ទ្រព្យធនឡើយ។
————————
Articlebyណាវ៉ាត់- satra kh
————————
ចែករំលែកព័ត៌មានថៃឈ្លានពានកម្ពុជាទៅកាន់ពិភពលោកតាមរយៈ៖ https://bnctrust.blogspot.com/
————————
Telegram: https://t.me/bnccambo
